អុញ! ប្រជាជនថៃត្អូញត្អែរខ្លាំង ក្រោយម្ទេសឡើងថ្លៃកប់ពពក ១ គ្រាប់ ១ បាត

ថ្មីៗនេះ ប្រជាជនក្នុងខេត្តនគររាជសីមាប្រទេសថៃកំពុងតែត្អូញត្អែរខ្លាំងអំពីតម្លៃម្ទេស ដែលនៅសុខៗស្រាប់តែម្ទេសឡើងថ្លៃខ្លាំង ដោយនឹកមិនស្មានដល់ ពៅលគឺអាជីវករលក់១ គ្រាប់ក្នុងតម្លៃ ១ បាត (ប្រហែលជិត ២០០ រៀល) ជាតម្លៃដែលមិនធ្លាប់ជួបមកពីមុន។

តាមការឱ្យដឹងពីអាជីវករថៃក្នុងខេត្តនគររាជសីមា មូលហេតុម្ទេសឡើងថ្លៃនេះ គឺបណ្ដាលមកពីខេត្តមួយចំនួននៅភាគខាងត្បូងនៃប្រទេសថៃ ដែលធ្លាប់ដាំម្ទេសច្រើននោះ ត្រូវរងឥទ្ធិពលដោយសារតែគ្រោះទឹកជំនន់ជន់លិចខ្លាំង ទើបបណ្ដាលឱ្យដំណាំម្ទេសជាច្រើនត្រូវរងផលខូចខាត និង ធ្វើឱ្យការផ្គត់ផ្គង់ក្នុងស្រុកមិនគ្រប់គ្រាន់ ទើបតម្លៃឡើងថ្លៃកប់ពពកបែបនេះ។ មួយវិញទៀត ថ្មីៗនេះប្រទេសថៃមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង ដែលជាហេតុបណ្ដាលឱ្យម្ទេសពុំអាចចេញផ្កាបានច្រើន និង ទទួលបានទិន្នផលតិច។

យ៉ាងណាមិញ ពលរដ្ឋថៃក៏កត់សម្គាល់ឃើញថា មិនមែនមកតែពីកត្តាទាំងពីរខាងលើនោះទេ ដែលបណ្ដាលឱ្យម្ទេសថ្លៃ ក្នុងនោះក៏អាចបណ្ដាលមកពីឈ្មួញកណ្ដាល ដែលជាអ្នកកំណត់តម្លៃឱ្យឡើងគុណនឹងពីរ គុណនឹងបីផងដែរ។

ជាធម្មតាតម្លៃម្ទេសក្នុងស្រុកថៃថ្លៃបំផុត ១ គីឡូត្រឹម ២០០បាត តែប៉ុណ្ណោះ តែលើកនេះតម្លៃម្ទេសហក់ឡើងថ្លៃ ១ គីឡូ ដល់ទៅ ៣០០ បាត (ប្រហែល ៤ ម៉ឺនរៀល) ឯណោះ។ ចំណែក តម្លៃលក់រាយវិញ ម្ទេស ១ គ្រាប់ គឺ ១ បាត៕

Leave a Reply

Your email address will not be published. Required fields are marked *