ទៀង មុំសុធាវី សម្រេចផ្អាកសិល្បៈភ្លាមៗ ក្រោយដឹងថាកំពុងពពោះកូនដំបូង

ពិតជារំភើបខ្លាំងណាស់ ពេលនេះតារាចម្រៀងមុខស្រទន់ ទៀង មុំសុធាវី កំពុងពពោះកូនដំបូងហើយ ហើយនាងក៏សម្រេចចិត្តផ្អាកពីអាជីពចម្រៀងមួយរយៈដើម្បីថែរក្សាសុខភាពទារកក្នុងផ្ទៃ ។ ការត្រៀមខ្លួនទទួលសមាជិកថ្មីរបស់តារាចម្រៀងរូបនេះ ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ។

មិនទាន់មានការទម្លាយថាកូនក្នុងផ្ទៃរបស់ ទៀង មុំសុធាវី ជាកូនស្រី ឬ ប្រុសនោះទេ ខណៈពេលនេះនាងទើបពពោះប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយសព្វថ្ងៃ ទៀង មុំសុធាវី កំពុងរស់នៅក្នុងស្រុកនៅឡើយ មិនទាន់ប្រាកដថានឹងចាកចេញទៅប្រទេសបារំាងវិញនៅពេលណានោះទេ ។ បើគិតមកដល់ពេលនេះ ទៀង មុំសុធាវី រៀបការបានប្រមាណជាជិតមួយឆ្នាំហើយ ក៏ជាវេលាដែលស័ក្តិសមក្នុងការយកកូនដើម្បីប្រលែងលេងផងដែរ ។ ជាមួយគ្នានោះក៏មានការបង្ហើបថា ទៀង មុំសុធាវី និង ស្វាមី រំភើបខ្លាំងណាស់ ព្រោះជិតបានក្លាយជាឪពុកម្តាយរបស់គេនៅក្នុងពេលឆាប់ៗនេះ ។

បើទោះប្រឡូកក្នុងសិល្បៈជាង ១០ ឆ្នាំក៏ពិតមែន តែនិយាយពីប្រជាប្រិយភាពនៅក្នុងស្រុករបស់ ទៀង មុំសុធាវី ហាក់មិនសូវមានប៉ុន្មានឡើយ ភាគច្រើននាងទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរដែលរស់នៅក្រៅស្រុក ។ មិនមានផលិតកម្មច្រៀងដូចគេក៏ពិតមែន តែ ទៀង មុំសុធាវី ក៏មានស្ទីឌីយោសម្រាប់ធ្វើបទចម្រៀងថ្មីៗដោយខ្លួនឯង ។ អ្វីដែលគួរឱ្យសរសើរសម្រាប់តារាចម្រៀងរូបនេះ បើទោះប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ តែនាងមិនដែលពើបប្រទះរឿងអាស្រូវរហូតដល់ថ្ងៃរៀបការជាមួយស្វាមីជាអ្នករស់នៅប្រទេសបារាំង និង ជាកូនអ្នកមានមុខមាត់នៅក្នុងស្រុកកាលពីដើមឆ្នាំ ២០២០ កន្លងមក ៕

Leave a Reply

Your email address will not be published. Required fields are marked *