រោះជំនឿបែបនេះ ទើបថ្ងៃរៀបមង្គលការចាស់ៗហាម កូនក្រមុំ កូនកំលោះ យំដាច់ខាត

នៅក្នុងថ្ងៃរៀបមង្គលការកូនក្រមុំ កូនកំលោះ ខ្លះទប់ទឹកភ្នែកមិនជាប់រហូតសម្រក់ចេញមក ។ អ្នកខ្លះយំព្រោះរំភើបចិត្តពេក ខ្លះទៀតយំព្រោះមានក្ដីអាឡោះអាល័យពីរឿងរ៉ាវក្នុងជីវិត ក្នុងថ្ងៃដែលត្រូវមានគូគាប់ទ្រនាប់ចិត្ត លែងជាជីវិតនៅម្នាក់ឯងទៀត ។ តាមជំនឿតាំងពីបុរមបុរាណរបស់ដូនតាខ្មែរ បានហាមប្រាមកូនចៅហាមយំយែក ទួញសោកក្នុងថ្ងៃមង្គលឱ្យសោះ ព្រោះនឹងនាំនូវអពមង្គលមិនល្អ ។

តាមលោកយាយ វ៉ែន ម៉ាឡៃ វ័យជាង ៨០ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺបានរៀបរាប់ថា ជាទំនៀមតាំងពីបុរាណក្នុងថ្ងៃរៀបមង្គលការតាអាចារ្យតែងអុជធូបសែនព្រេន សុំសិរីសួស្ដី កុំឱ្យកើតហេតុមិនល្អ សូមឱ្យកួនក្រមុំ កូនកំលោះមានតែស្នាមញញឹម កុំឱ្យខ្មោច ព្រលឹងចូលមកសន្ធិត ធ្វើទុក្ខបុកម្នេញជាដើម ។ បើសែនព្រេនអុជធូបបន់ស្រន់រួចអស់ហើយ តែកូនក្រមុំ ឬកូនកំលោះនៅតែយំទួញសោកទៀត គឺមកពីអ្នកទាំងពីររំជួលចិត្ត ទប់ទឹកភ្នែកមិនបាន តែរឿងនេះដូនតាខ្មែរហាមដាច់ខាតហើយ កុំយំយែក ក្នុងថ្ងៃមង្គលឱ្យសោះ ។

នៅថ្ងៃមង្គលការទៀតសោតអ្នកភ្លេងចៅមហា បានសូត្របទរៀបរាប់ពីគុណមាតា បិតា ហើយតម្រូវឱ្យកូនក្រមុំ កូនកំលោះ គេងកើយភ្លៅ រហូតអ្នកទាំងពីរទប់ទឹកភ្នែកមិនជាប់ ។ លោកយាយ ម៉ាឡៃ បន្តថា ទោះបីមានរឿងអ្វីក៏ដោយហាមយំស្រែកព្រោះអាចនាំភាពក្ដៅក្រហាយ អពមង្គល នាំក្ដីរកាំរកូសចូលគ្រោះសារមិនចេះចប់ ។

ទោះយ៉ាងណាក៏ដោយនេះគ្រាន់តែអប្បិយជំនឿចាស់ៗតាំងពីបុរាណមក តែចំពោះសម័យនេះ ការដែលប្ដីប្រពន្ធរស់នៅមិនចុះសម្រុងគ្នា គឺបណ្ដាលមកពីមូលហេតុជាច្រើន ដែលទាមទារឱ្យជីវិតប្ដីប្រពន្ធត្រូវប្រកាន់ភ្ជាប់នូវការអធ្យាស្រ័យ ចេះលើកលែង ចេះអភ័យឱ្យគ្នា ទើបប្ដីប្រពន្ធរស់នៅបានសុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *