លៀង ចាន់ឡា កាន់តែមានហាងឆេងខ្លាំងក្រោយរកបានទ្រនំច្បាស់លាស់

មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា លៀង ចាន់ឡា កាន់តែមានសកម្មភាពសិល្បៈថ្មីៗជាបន្តបន្ទាប់ ដែលមានទាំងការចេញបទចម្រៀងថ្មីៗ និងសម្តែងរឿងអប់រំជាដើម។

ពេលនេះ លៀង ចាន់ឡា ចាប់ផ្តើមរកបានទ្រនំច្បាស់លាស់ហើយគឺ ផលិតកម្ម Life Production ដោយបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដែលគេសង្កេតឃើញថាមានការគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនគួរសម។ មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងទើបចេញបទចម្រៀងរួមគ្នាជាមួយលោក ប៊ុត សីហា ដែលមានចំណងជើងថា «ក្រៅប្រព័ន្ធ» ទៀតផង។

ក្រៅពីនេះ លៀង ចាន់ឡា ក៏ទទួលបានឳកាសថតរឿងអប់រំជាបន្តបន្ទាប់ ដោយថ្មីៗនេះ នាងទើបនឹងថតរឿង​មួយដែលមានចំណងជើងថា «កូនសម្អប់»។ ចំពោះឱកាសថតរឿងនេះបន្ដបន្ទាប់នេះ ត្រូវបានមហាជនចាប់អារម្មណ៍ឃើញថា កន្លងមក លៀង ចាន់ឡា មានសមត្ថភាពសម្តែងចូលតួល្អ មិនចាញ់តារាសម្ដែងអាជីពប៉ុន្មានឡើយ។

គួរឱ្យដឹងថា លៀង ចាន់ឡា ចាប់ផ្តើមមានឈ្មោះបោះសំឡេង ក្រោយពីនាងបានចូលរួមប្រលងនៅក្នុងកម្មវិធីប្រលងចម្រៀង X Factor Cambodia របស់ទូរទស្សន៍ហង្សមាស ដោយកាលណោះនាងបានស្រូបទាញ ការអាណិតអាសូរជាខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធលើរូបសម្រស់ ព្រមទាំងជីវភាពរស់នៅរបស់នាង រហូតមានម្ចាស់ហាងកែសម្ជស្សមួយចំនួន បានចេញមុខជួយ​កែសម្ជស្សឱ្យ ដោយមិនគិតប្រាក់រួមនឹងផ្ដល់ជាជំនួយនានាជាច្រើនផងដែរ។ យ៉ាងណាមិញ មកទល់ពេលនេះ លៀង ចាន់ឡា បានផ្លាស់ប្តូររូបសម្រស់ស្អាតប្លែក និងមានជីវភាពរស់នៅសមរម្យជាងមុន ហើយនាងថែមទាំងបានបង្ហាញមុខមាត់គូស្នេហ៍ ដែលគេដឹងថាជាគូដណ្ដឹង មានវ័យក្មេងស្របាលៗគ្នាទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *