មានដីទំនេរកុំទុកចោល ដាំតែឫស្សីផ្អែមក៏ល្អមិនពិបាកថែហើយរកចំណូលបានច្រើន

បច្ចុប្បន្ននេះ ដំណាំឫស្សីផ្អែមកំពុងតែមានការពេញនិយមដាំពីសំណាក់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដោយឫស្សីផ្អែមនេះគឺគេដាំយកទំពាំងរបស់វាសម្រាប់លក់នៅលើទីផ្សារ ហើយវាក៏មានតម្លៃថ្លៃគួរសមដែរ ។ ក្រៅពីដាំវាយកទំពាំងហើយនោះ ប្រជាពលរដ្ឋមួយចំនួនក៏បានលក់ដើម ឬ បំបៅឫស្សីផ្អែមនេះ លក់ទៅឱ្យអតិថិជន ដែលពួកគេចង់យកទៅដាំបន្តទៀត ។

លោកក លី វិន ជាម្ចាស់ចម្ការឫស្សីផ្អែមម្នាក់ នៅក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង បានមានប្រសាសន៍ថា លោកបានដាំឫស្សីនេះ កាលពីឆ្នាំ ២០១៥ ហើយបច្ចុប្បន្នផ្ទៃដីដាំឫស្សីផ្អែមរបស់លោកបានកើនឡើងចំនួន ៣ ហិកតា ហើយលោកគ្រោងពង្រីកផ្ទៃដីដាំឫស្សីប្រភេទនេះបន្ថែមទៀតនាពេលអនាគត ។ បច្ចុប្បន្ននេះ លោកមានបណ្តុះកូនឫស្សីនិង ជីកទំពាំងលក់ និង លក់ដើមប្ញស្សីផងដែរ ។

លោក លី វិន បានបញ្ជាក់ថា ចំពោះការលក់កូនឫស្សីវិញគឺ ១ដើមមានតម្លៃ ៣ ០០០រៀល ,ហើយទំពាំង ១គីឡូក្រាម មានតម្លៃ២៥០០រៀល ។ ដោយឡែក សម្រាប់ដើមឫស្សីវិញគឺ ១ដើមមានតម្លៃ ៣០០០រៀល ។ ហើយជារៀងរាល់ ៥ថ្ងៃ លោកបានប្រមូលទំពាំងឫស្សីផ្អែមលក់ម្តង ជាមធ្យមក្នុងមួយលើកប្រមូលទំពាំងបានចំនួន ១ ៤០០គីឡូក្រាមក្នុងមួយហិកតា ។ សរុបកាលពីឆ្នាំ២០១៩ លោកអាចរកចំណូលបានពីការលក់ទំពាំងឫស្សី ឬ ដើមឫស្សីបានជាង ៩ ០០០ដុល្លារ ។

នៅខណៈពេលចុះទៅទស្សនកិច្ច នៅក្នុងចម្ការឫស្សីផ្អែមរបស់លោក លី វិន កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ ​និង នេសាទ បានធ្វើការអំពាវនាវឱ្យប្រជាសហគមន៍ព្រៃឈើដាំឫស្សីផ្អែមនេះ ពីព្រោះវាជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើម ទំពាំង និង កូនទៀតផង បើយើងដាំបានផលឫស្សីនេះនឹងជួយបង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃឈើបានល្អប្រសើរ ដោយមិនចាំបាច់ទៅពឹងផ្អែកលើផល និង អនុផលព្រៃឈើទាំងស្រុងនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *