តាង៉ែនអ្នកបន្ទាយស្រីធម្មជាតិពិតៗ ១​ គីឡូត្រឹម តម្លៃ ៥ពាន់រៀល ហើយអាចដើរបេះហូបមួយសេរី

ស្ថិតនៅ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកអ្នកនឹងទៅដល់ ចំការតាង៉ែន ដែលផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ ដែលសំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ អភិបាលស្រុកបន្ទាយស្រី បានណែនាំ ឱ្យបងប្អូន មកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តសៀមរៀបម្ដង ដោយប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏គួរឱ្យចង់មកលេងមួយនេះ។

ដើម្បីចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស ត្រឹមតែ ៥០០០ រៀលក្នុងមួយគីឡូ សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម «ម៉ាសេរី» ដោយមិនគិតថ្លៃបន្ថែមទៀតផង ។

យ៉ាងណាម៉ិញ លោកអភិបាលស្រុក ក៏បានបញ្ជាក់ផងដែរថា « ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ )។ » ៕

Leave a Reply

Your email address will not be published. Required fields are marked *